Vietnamese crab export
សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →

មុខម្ហូបហាណូយ ១០ មុខដែលត្រូវតែសាកល្បង

ការស្វែងយល់ពីហាណូយ គឺស្មើនឹងការស្វែងយល់ពីអាហារតាមផ្លូវរបស់ទីក្រុងនេះ។ គ្រឿងផ្សំស្រស់ៗ ប្រពៃណីដ៏ផ្ចិតផ្ចង់ និងរូបមន្តសម្ងាត់គ្រួសារ គឺជាលក្ខណៈសម្គាល់នៃការធ្វើម្ហូបរបស់ជនជាតិហាណូយ ហើយអ្នកហាណូយមិនលេងសើចឡើយនៅពេលនិយាយអំពីអាហារឆ្ងាញ់ៗ។ រៀបចំចង្កឹះរបស់អ្នកឲ្យហើយទៅ៖ នេះគឺជាម្ហូបល្បីៗទាំង ១០ នៅហាណូយដែលអ្នកមិនគួររំលងឡើយ!

ជំពូក 01 —

Miến

ធ្វើឡើងពីសណ្តែកបាយ ឬដំឡូងជ្វា miến (មីន ឬ នំបញ្ចុកសរសៃឆ្មារ) មានជាតិស្វិតទន់ឆ្ងាញ់ និងមានរសជាតិអ៊ូម៉ាមីស្រាលៗ។ បន្ថែមពីលើដោយសាច់មាន់ ក្តាម ឬអន្ទង់ទឹកសាប អ្នកអាចរីករាយជាមួយ miến មួយចានជាមួយទឹកស៊ុប ឬឆា។ នៅហាណូយ អ្នកអាចញ៉ាំមី/គុយទាវភាគច្រើនជាមួយ quẩy (នំយឿក) ហើយនំបញ្ចុកសរសៃឆ្មារក៏មិនមែនជាការលើកលែងដែរ។ កុំភ្លេចជ្រលក់វាក្នុងទឹកស៊ុបផង! 

សាកល្បង៖ Miến trộn 6 Phùng Hưng St., Hoàn Kiếm District

ជំពូក 02 —

Phở

ម្ហូបមួយនេះគឺមិនបាច់ឆ្ងល់ឡើយ។ ទោះបីជាអ្នកធ្លាប់ញ៉ាំ phở នៅកន្លែងផ្សេងទៀតក្នុងប្រទេសវៀតណាមក៏ដោយ ក៏វាសមប្រកបនឹងសាកល្បងញ៉ាំរសជាតិបែបហាណូយដែរ។ ប្រសិនបើគ្រឿងផ្សំជាច្រើនដែលមកជាមួយ phở របស់អ្នកមើលទៅគួរឲ្យច្របូកច្របល់នៅពេលដំបូង សូមចាប់ផ្តើមជាមួយទឹកជ្រលក់ម្ទេសបន្តិច បន្ទាប់មកបន្ថែមទឹកខ្មេះខ្ទឹមសមួយស្លាបព្រាសម្រាប់ phở សាច់គោ ឬច្របាច់ក្រូចឆ្មារបន្តិចសម្រាប់ phở សាច់មាន់។ 

សាកល្បង៖ Phở bò Khôi Hói 50 Hàng Vải St., Hoàn Kiếm District

ជំពូក 03 —

Nộm bò khô

សម្រាប់អាហារសម្រន់ពេលរសៀលដើម្បីបង្កើនថាមពល សូមអង្គុយលើកៅអីជ័រ ហើយកុម្ម៉ង់ nộm bò khô (ញាំសាច់គោក្រៀម) រសជាតិជូរអែមមួយចាន។ ភាពស្រួយនៃល្ហុងខ្ចី និងការ៉ុត ត្រូវបានធ្វើឲ្យទន់ភ្លន់ដោយទឹកត្រីមានរសជាតិ ខណៈដែលសាច់គោក្រៀមជាសរសៃៗបន្ថែមជាតិទំពារយ៉ាងពិសេសទៅក្នុងគ្រឿងផ្សំ។ សុំប្រភេទដែលមានប្រម៉ាត់គោ និងក្រពះគោ ប្រសិនបើអ្នកចង់សាកល្បងរសជាតិប្លែកអារម្មណ៍។ 

សាកល្បង៖ Long Vi Dung 23 Hoàn Kiếm St., Hoàn Kiếm District

ជំពូក 04 —

Bún đậu

តៅហ៊ូបំពង និងនំបញ្ចុកដ៏សាមញ្ញ មិនដែលធ្លាប់មានរសជាតិឆ្ងាញ់បែបនេះទេ! តៅហ៊ូបំពងស្រួយពណ៌លឿងទុំ និងនំបញ្ចុកស្រស់ គឺជាអាហារថ្ងៃត្រង់ដែលប្រជាជនហាណូយចូលចិត្តបំផុត។ ជាដើមឡើយ bún đậu ត្រូវបានបម្រើជាមួយ mắm tôm (កពិវៀតណាម) ប៉ុន្តែអ្នកក៏អាចជ្រើសរើសទឹកត្រីជាជម្រើសស្រាលជាងនេះបានដែរ។ ប្រហិតស្រូវខ្ចី ប៉ាញ់ត្រាងបំពង និងបន្លែក្រអូប ជួយបំពេញបន្ថែមនូវបន្សំយ៉ាងល្អឥតខ្ចោះនេះ។  

សាកល្បង៖ Bún đậu 6 Mã Mây St., Hoàn Kiếm District

ជំពូក 05 —

Mì vằn thắn

ដើម្បីធ្វើឲ្យ mì vằn thắn (មីគាវ) របស់ពួកគេខុសប្លែកពីកំណែភាគខាងត្បូង ចុងភៅនៅហាណូយបានបន្ថែមរសជាតិឈ្ងុយឆ្ងាញ់ដល់មីទាំងនេះដោយរ៉ាយស្លឹកខ្ទឹមចិន ផ្សិតសិតាកេ និងស្បែកជ្រូកបំពង។ នៅហាណូយ អ្នកនឹងឃើញថាចាន mì vằn thắn របស់អ្នកមកជាមួយគាវបំពងមួយដុំធំ។ វាជាភាពស្រួយបន្ថែមដែលអ្នកមិនធ្លាប់ដឹងថាអ្នកត្រូវការវា!  

សាកល្បង៖ Mì vằn thắn Alley 16, Hai Bà Trưng St., Hoàn Kiếm District

ជំពូក 06 —

Chả cá

គ្មានកន្លែងណាផ្សេងធ្វើ chả cá ដូចហាណូយនោះទេ។ ត្រីប្រាមិនសូវស្គមត្រូវបានប្រឡាក់គ្រឿងទេស និងអាំង បន្ទាប់មកឆាជាមួយស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយបារាំងជាច្រើនលើភ្លើងខ្លាំងនៅចំពោះមុខតុអាហារតែម្តង។ ការញ៉ាំ chả cá នៅហាណូយ គឺជាបទពិសោធន៍ដ៏ពិសេសមួយ។ ធាតុផ្សំសំខាន់បំផុតនៃ chả cá ដ៏ឆ្ងាញ់ គឺទឹកប្រឡាក់។ រូបមន្តដើមត្រូវបានរក្សាទុកជាសម្ងាត់នៅក្នុងភោជនីយដ្ឋានគ្រួសារជាច្រើនជំនាន់។  

សាកល្បង៖ Chả cá Thăng Long 6B Đường Thành St., Hoàn Kiếm District

ជំពូក 07 —

Bún chả

ស្ទើរតែជាអាហារថ្ងៃត្រង់ផ្តាច់មុខ bún chả រួមបញ្ចូលគ្នានូវសាច់ជ្រូកបីជាន់ និងសាច់ជ្រូកចញ្រ្ចាំអាំងចង្ក្រានធ្យូង ជាមួយទឹកត្រីជ្រលក់លាយទឹកខ្មេះយ៉ាងចុះសម្រុងគ្នា។ ដាក់នំបញ្ចុករបស់អ្នកចូលទៅក្នុងចានទឹកត្រី បន្ថែមគ្រឿងទេស និងបន្លែក្រអូប បន្ទាប់មកព្យាយាមញ៉ាំគ្រប់យ៉ាងបន្តិចៗក្នុងមួយម៉ាត់។ សម្រាប់ការបន្ថែមរសជាតិកាន់តែឆ្ងាញ់ សូមកុម្ម៉ង់ nem (ចាយ៉បំពង) ជាមួយ bún chả របស់អ្នក។

សាកល្បង៖ Bún chả 40 Cửa Đông St., Hoàn Kiếm District

ជំពូក 08 —

Cà phê trứng

បំពេញអាហារដ៏អស្ចារ្យរបស់អ្នកនៅហាណូយជាមួយកាហ្វេពងមាន់ដ៏ក្រអូបឈ្ងុយឆ្ងាញ់មួយកែវ។ កាហ្វេរ៉ូប៊ូស្តាដ៏ខ្លាំងក្លាត្រូវបានសម្រួលរសជាតិដោយពពុះពងមាន់ផ្អែមនៅខាងលើ ដែលធ្វើឲ្យភេសជ្ជៈនេះក្លាយជាកាដូដ៏ពិតប្រាកដសម្រាប់អ្នកចូលចិត្តកាហ្វេ។ ការអង្គុយក្រោមមែកឈើ khaya ក្រសោបញ៉ាំ cà phê trứng ក្តៅៗ និងមានពពុះទន់ៗ មើលអ្នកស្រុកបើកបរម៉ូតូឆ្លងកាត់ -- នោះហើយជាខណៈពេលដ៏ពិសេសបែបបុរាណនៃទីក្រុងហាណូយ។ 

សាកល្បង៖ Cà phê Giảng Alley 39, Nguyễn Hữu Huân St., Hoàn Kiếm District

ជំពូក 09 —

Bún cá

ជាមួយនឹងរសជាតិជូរនិងអែមល្មមអស្ចារ្យ bún cá (ស៊ុបនំបញ្ចុកត្រី) គឺជាម្ហូបដ៏ស័ក្ដិសមបំផុតសម្រាប់រដូវក្ដៅ។ នំបញ្ចុក, ស្ពៃសែលឡេរីវៀតណាម, និងសាច់ត្រីទីលាពៀបំពងស្រួយ ត្រូវបានដាក់ក្នុងទឹកស៊ុបដែលមានរសជាតិជូរអែមចេញពីម្នាស់ និងប៉េងប៉ោះ។ ឆ្ងាញ់បំផុតពេលញ៉ាំអមជាមួយបន្លែស្រស់ និងទំពាំងជ្រក់ ម្ហូបមួយមុខនេះអាចស្វែងរកបាននៅតាមតូបលក់អាហារតាមផ្លូវជុំវិញទីក្រុងហាណូយ។

សាកល្បងនៅ៖ Bún cá Sâm Cây Si លេខ ១៤ ច្រក Trung Yên, ផ្លូវ Hàng Bạc, ខណ្ឌ Hoàn Kiếm

ជំពូក 10 —

Bún thang

សាច់ប៉ាតេវៀតណាមប៉ុន្មានបន្ទះ, សាច់មាន់សែកមួយក្តាប់, ពងទាចៀនហាន់ជាសរសៃ, និងទឹកស៊ុបថ្លាមានរសជាតិអ៊ូម៉ាមីប្រកបដោយឱជារស -- bún thang លើកកម្ពស់អាហារសល់ឱ្យក្លាយជាម្ហូបដ៏ពិសេសប្លែកកម្រិតមួយទៀត។ ចេញពីអាហារសល់ពីបុណ្យចូលឆ្នាំចិនដែលប្រែទៅជាអាហារពេលព្រឹកដ៏ពេញនិយមប្រចាំតំបន់ bún thang គឺជាឧទាហរណ៍ដ៏ល្អមួយនៃគំនិតច្នៃប្រឌិតផ្នែកម្ហូបអាហារដែលមានតាំងពីបុរាណកាលរបស់ទីក្រុងហាណូយ។ 

សាកល្បងនៅ៖ Bún thang Bà Đức លេខ ៤៨ ផ្លូវ Cầu Gỗ, ខណ្ឌ Hoàn Kiếm

ចង់បានគំនិតធ្វើដំណើរនៅវៀតណាមបន្ថែមទៀតទេ? ចុះឈ្មោះទទួលព្រឹត្តិបត្រព័ត៌មានរបស់យើង ដើម្បីទទួលបានអត្ថបទល្អៗបំផុតផ្ញើជូនត្រង់ទៅកាន់ប្រអប់សំបុត្ររបស់អ្នក។