នៅពេលមនុស្សគិតអំពីប្រទេសវៀតណាមតំបន់ត្រូពិក និងតំបន់អនុត្រូពិក ពួកគេស្រមៃឃើញទិដ្ឋភាពពណ៌បៃតង។ សាកស្រមៃដល់វាលស្រែ ភ្នំបៃតងខ្ចី ព្រៃឈើស្រស់បំព្រង ព្រមទាំងបឹង និងឆកសមុទ្រពណ៌មរកត។ អ្វីដែលពួកគេប្រហែលជាមិនរំពឹងថានឹងឃើញ គឺទួលខ្សាច់ និងលំហខ្សាច់ដែលស្រដៀងនឹងតំបន់ស្ងួតហួតហែងនៃពិភពលោក។ ប៉ុន្តែពិតណាស់ ទួលខ្សាច់ដ៏ធំគួរឲ្យភ្ញាក់ផ្អើលអាចរកឃើញបាននៅក្នុងខេត្ត Binh Thuan នៃប្រទេសវៀតណាម។
ខេត្តដែលមានទីតាំងនៅឆ្នេរសមុទ្រភាគអាគ្នេយ៍មួយនេះ មានទេសភាព និងទម្រង់ដីចម្រុះ ដែលល្អបំផុតសម្រាប់ការកម្សាន្តតាមរយៈសកម្មភាពផ្សងព្រេង។ មនុស្សជាច្រើនមកទស្សនាដើម្បីលេងកីឡាលើទឹកនៅ Mui Ne ដែលជាទីតាំងជិះក្ដារឃ្លើនដ៏កំពូលរបស់ប្រទេសវៀតណាម។ ប៉ុន្តែកាន់តែច្រើនជាងនេះទៅទៀត គឺគេទៅទស្សនាភ្នំខ្សាច់នៅជិតនោះ ដែលផ្តល់ឱកាសថតរូបយ៉ាងស្រស់ស្អាត – និងសកម្មភាពរីករាយជាច្រើនទៀត។
ជាពិសេស កន្លែងពីរដែលល្បីល្បាញដោយសារខ្សាច់ គឺទួលខ្សាច់ស Bau Trang, Mui Ne ដែលត្រូវបានគេស្គាល់ផងដែរថាជាភ្នំខ្សាច់ "ហោះ" ដែលមានចម្ងាយប្រហែល ៦៥ គីឡូម៉ែត្រភាគឦសានពីក្រុង Phan Thiet; ឈ្មោះនេះត្រូវបានហៅតាមចលនាផ្លាស់ប្តូរនៃខ្សាច់ក្នុងអំឡុងរដូវខ្យល់មូសុងភាគឦសាន។ អ្នកស្រឡាញ់ធម្មជាតិនឹងចូលចិត្តបរិយាកាសដ៏ល្វឹងល្វើយដូចវាលខ្សាច់នៃ Bau Trang ដែលនៅទីនោះទួលខ្សាច់បានហុំព័ទ្ធបឹងទឹកសាបដ៏ធំចំនួនបី។ កន្លែងមួយទៀតមានឈ្មោះថា ទួលខ្សាច់ក្រហម (Red Sand Dunes) ដែលស្ថិតនៅភាគខាងជើងនៃភូមិ Mui Ne មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីក្រុង Phan Thiet។ ខុសពី Bau Trang ទួលខ្សាច់ក្រហមមិនមានទេសភាពដ៏ទាក់ទាញខ្លាំងនោះទេ ប៉ុន្តែវាល្បីល្បាញដោយសាររមណីយដ្ឋានដែលមានទិដ្ឋភាពឆ្នេរសមុទ្រយ៉ាងស្អាត។ ប្រសិនបើមានសំណាង ភ្ញៀវទេសចរអាចមើលឃើញការប្រែប្រួលពណ៌របស់វាដោយសារពន្លឺព្រះអាទិត្យនៅទីនេះ។
នេះជាវិធីដើម្បីរីករាយជាមួយទីតាំងខ្សាច់ដ៏ពិសេសទាំងនេះ…
ជំពូក 01 —
ជិះម៉ូតូ ៤ កង់
ចូលចិត្តការបើកបរយានយន្តមែនទេ? ជួលម៉ូតូ ៤ កង់ (quadricycle) – ដែលជាម៉ូតូកែច្នៃមានកង់ធំៗចំនួនបួនសម្រាប់ការបើកបរផ្លូវលំបាក – ដើម្បីធ្វើដំណើរឆ្លងកាត់ទួលខ្សាច់។ យានយន្ត ATV ទាំងនេះផ្ដល់នូវអារម្មណ៍ភ័យរំភើបយ៉ាងខ្លាំង ជាពិសេសនៅពេលអ្នកបើកចុះតាមជម្រាលចោទ បន្ទាប់ពីស្ទុះឡើងទៅដល់កំពូល។ វាជាការបើកបរដ៏រំភើប ប៉ុន្តែកុំភ្លេចឈប់ និងទស្សនាទេសភាពដ៏អស្ចារ្យផងដែរ។
ជំពូក 02 —
ធ្វើដំណើរទេសចរណ៍ដោយម៉ូតូ
អ្នកចូលចិត្តជិះម៉ូតូដែលស្វែងរកភាពរំភើប អាចសាកល្បង និងពង្រឹងជំនាញជិះម៉ូតូផ្លូវលំបាករបស់ពួកគេនៅលើទួលខ្សាច់ និងតាមបណ្តោយលំហខ្សាច់ជុំវិញបឹង Bau Trang។ មានអ្នកគាំទ្រម៉ូតូ Dirt Bike យ៉ាងច្រើននៅទូទាំងប្រទេសវៀតណាម ដោយមានការរៀបចំដំណើរទេសចរណ៍ផ្លូវឆ្ងាយ ការប្រកួត និងការប្រឡងប្រជែងនៅទូទាំងប្រទេស រួមទាំងនៅ Binh Thuan ផងដែរ។ ឬអ្នកអាចធ្វើដំណើរតាមផ្លូវឆ្នេរសមុទ្រទៅកាន់ភូមិអ្នកនេសាទ Phan Ri Cua តាមបណ្តោយ 'ផ្លូវល្បឿនលឿនទួលខ្សាច់' ដែលរត់ចន្លោះ Mui Ne និង Ca Na។ មានទេសភាពយ៉ាងស្អាតអស្ចារ្យសម្រាប់ទស្សនាតាមដងផ្លូវ។ ស្រមៃមើលទូកនេសាទមានពណ៌ចម្រុះនៅក្នុងឆកសមុទ្រ ទួលខ្សាច់ក្រហមដ៏ល្បីល្បាញ និងលំហខ្សាច់លាតសន្ធឹងដ៏ល្វឹងល្វើយ។
ជំពូក 03 —
សាកល្បងជិះរថយន្តលើទួលខ្សាច់
ប្រសិនបើអ្នកចង់ជិះរថយន្តដែលមានអ្នកបើកជូន ជាជាងបើកបរដោយខ្លួនឯង អ្នកអាចកក់កញ្ចប់ទេសចរណ៍រថយន្ត Jeep មើលថ្ងៃរះ ឬថ្ងៃលិច។ បទពិសោធន៍រថយន្ត 4x4 នេះត្រូវបានគេហៅថា 'Dune Bashing' ដោយសារតែហេតុផលច្បាស់លាស់។ អ្នកបើកបររបស់អ្នកនឹងបង្កើតភាពសប្បាយរីករាយជូនអ្នក ដោយបើកបរចុះឡើងយ៉ាងលឿនលើទួលខ្សាច់ ដើម្បីឱ្យអ្នកស្រែកហ៊ោដោយសារអារម្មណ៍ភ័យអរអន្ទះសារក្នុងពោះ។ ការទស្សនាដោយរថយន្ត Jeep មួយចំនួន រួមបញ្ចូលទាំងការឈប់នៅទួលខ្សាច់ក្រហម និងស ព្រមទាំងកន្លែងទាក់ទាញផ្សេងទៀតដូចជា កំពង់ផែ និងអូរទេពអប្សរ (Fairy Stream / Suoi Tien)។
ជំពូក 04 —
ជិះក្ដាររំអិលលើខ្សាច់
ចង់សាកល្បងជិះលើទួលខ្សាច់ដូចជិះរលកសមុទ្រដែរឬទេ? ជួលក្ដាររំអិលខ្សាច់ដើម្បីសាកល្បងកីឡាដ៏រីករាយមួយនេះ ដែលប្រហាក់ប្រហែលនឹងការជិះក្ដាររំអិលលើទឹកកក។ ទួលខ្សាច់នៅ Mui Ne គឺពិតជាអស្ចារ្យណាស់សម្រាប់កីឡានេះ រហូតដល់ទស្សនាវដ្តី Wanderlust បានរាប់បញ្ចូលទីនេះក្នុងបញ្ជី 'គោលដៅជិះក្ដាររំអិលលើខ្សាច់ល្អបំផុតទាំង ១០ ក្នុងពិភពលោក'។
ជំពូក 05 —
រំអិលលេងដូចក្មេងតូច
ជម្រើសដ៏ស្រួល និងមិនសូវប្រប្រើកម្លាំងបាយ ដែលសមស្របសម្រាប់គ្រួសារទាំងមូល គឺការរំអិលលើខ្សាច់។ អ្នកនាំផ្លូវក្នុងស្រុកនឹងបង្រៀនអ្នកយ៉ាងរហ័សអំពីរបៀបរំអិល នៅពេលអ្នកជួលក្ដារបន្ទះរលោងពីពួកគេ។ បន្ទាប់មក ដល់វេនអ្នកស្រែក "វីអ៊ីអ៊ីអ៊ីអ៊ីអ៊ីអ៊ីអ៊ីអ៊ីអ៊ី" នៅពេលអ្នករំអិលចុះតាមជម្រាល ដោយមានអារម្មណ៍រីករាយដូចជាក្មេងតូច។







