តែងតែមានពន្លឺថ្ងៃភ្លឺច្បាស់នៅកន្លែងណាមួយក្នុងប្រទេសវៀតណាម ជាមួយនឹងពិធីបុណ្យពណ៌ស្រស់ឆើតឆាយ និងការអបអរសាទរយ៉ាងរីករាយដែលមាននៅលើប្រតិទិនពេញមួយឆ្នាំ។ ទស្សនាការបាញ់កាំជ្រួចដ៏អស្ចារ្យបំភ្លឺផ្ទៃមេឃរដូវក្តៅនៅ Đà Nẵng ឬដកដង្ហើមស្រូបយកក្លិនក្រអូបនៃស្រូវទុំនៅ Sa Pa ក្នុងរដូវប្រមូលផល -- ខាងក្រោមនេះជាកន្លែងដ៏ល្អបំផុតសម្រាប់ទៅកម្សាន្តក្នុងប្រទេសវៀតណាមចាប់ពីខែមករា ដល់ខែធ្នូ។
ជំពូក 01 —
ខែមករា
ចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការរត់ម៉ារ៉ាតុងដ៏អស្ចារ្យនៅ Mộc Châu។ នៅក្នុងខែមករា ទីក្រុងនៅលើភ្នំមួយនេះប្រែទៅជាដែនដីអស្ចារ្យដូចក្នុងរឿងនិទានដែលគ្របដណ្តប់ដោយផ្កាស៊េរីពណ៌ស។ ការរត់ម៉ារ៉ាតុង Vietnam Trail Marathon រត់យ៉ាងជ្រៅទៅក្នុងភ្នំ ឆ្លងកាត់ចម្ការតែដ៏មានរបៀបរៀបរយ និងចម្ការហូបផ្លែដែលកំពុងរីកស្កឹមស្កៃ។ ស្នាក់នៅ ផ្ទះស្នាក់ជនជាតិភាគតិច ដើម្បីស្វែងយល់បន្ថែមអំពីរបៀបរស់នៅរបស់អ្នកស្រុក និងទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ដែលធ្វើនៅផ្ទះ។
ជំពូក 02 —
ខែកុម្ភៈ
រដូវផ្ការីកមានន័យថាផ្កាកំពុងរីកស្កឹមស្កៃនៅ Đà Lạt។ ផ្កាសាគូរ៉ាពណ៌ស៊ីជម្ពូដុះលម្អតាមដងផ្លូវ និងបឹងបួរនៅតំបន់ខ្ពង់រាបកណ្តាល។ Đà Lạt មានខ្យល់អាកាសត្រជាក់ស្រួលពេញមួយឆ្នាំ ប៉ុន្តែផ្ទៃមេឃក្នុងខែកុម្ភៈ គឺស្ថិតនៅក្នុងចំណោមផ្ទៃមេឃដែលស្រឡះ និងខៀវស្រងាត់បំផុត។ រំលាយអារម្មណ៍ក្នុងធម្មជាតិ និងចំណាយពេលមួយយប់បោះជំរុំនៅក្បែរបឹង Tuyền Lâm ឬរៀបចំការពិកនិកនៅថ្ងៃសម្រាកលើភ្នំ Thiên Phúc Đức។
ជំពូក 03 —
ខែមីនា
បន្ទាប់ពីមានភ្លៀងធ្លាក់អស់ជាច្រើនខែ Hội An មានភាពស្រស់បំព្រងជាងពេលណាៗទាំងអស់នៅដើមខែមីនា។ ខ្យល់អាកាសបរិសុទ្ធ និងថ្ងៃដែលមានពន្លឺថ្ងៃធ្វើឲ្យការរុករកវាលស្រែ និងទីក្រុងបុរាណក្លាយជាការសប្បាយរីករាយ។ ដើរកាត់ច្រកផ្លូវតូចៗពណ៌លឿង សម្រាកនៅក្នុងហាងតែ ឬជិះកង់ទៅកាន់ឆ្នេរសមុទ្រ។ ប្រសិនបើអ្នកមកដល់ទីនេះចំថ្ងៃពេញបូណ៌មី សូមដើរកម្សាន្តតាមទន្លេ Thu Bồn បន្ទាប់ពីមេឃងងឹត ដើម្បីមើលស្រមោលដ៏អស្ចារ្យនៃព្រះចន្ទ និងគោមនៅលើផ្ទៃទឹក។
ជំពូក 04 —
ខែមេសា
ពិធីបុណ្យ Huế Festival ដ៏អស្ចារ្យ និងពិធីបុណ្យសិប្បកម្ម Huế Craft Festival ត្រូវបានរៀបចំឡើងផ្លាស់ប្តូរគ្នារៀងរាល់ឆ្នាំនៅចុងខែមេសា ដែលធ្វើឱ្យពេលនេះជាពេលវេលាដ៏ល្អបំផុតក្នុងការទស្សនារាជធានីបុរាណនៃប្រទេសវៀតណាម។ សកម្មភាពនៃពិធីបុណ្យទាំងនេះអបអរសាទរសិល្បៈ វប្បធម៌ និងបេតិកភណ្ឌរបស់ Huế ជាមួយនឹងការសម្តែងដ៏ទាក់ទាញ។ ខែមេសាក៏ជាខែដែលមានអាកាសធាតុល្អឥតខ្ចោះសម្រាប់ Huế ផងដែរ ជាមួយនឹងពន្លឺព្រះអាទិត្យ និងផ្ទៃមេឃស្រឡះ។
ជំពូក 05 —
ខែឧសភា
ព្រឹត្តិការណ៍ប្រកួតកីឡាបីប្រភេទប្រចាំឆ្នាំដែលរៀបចំឡើងនៅលើផ្ទៃខាងក្រោយដ៏ស្រស់ស្អាតនៃតំបន់ឆ្នេរសមុទ្រ Ironman Vietnam ស្វាគមន៍កីឡាករ និងអ្នកធ្វើដំណើររៀងរាល់ខែឧសភានៅ ទីក្រុង Đà Nẵng។ សម្រាកលំហែកាយបន្ទាប់ពីព្រឹត្តិការណ៍នេះ ដោយទស្សនាតំបន់បេតិកភណ្ឌ Mỹ Sơn Sanctuary និងសារមន្ទីរចម្លាក់ Cham ដើម្បីស្វែងយល់អំពីព្រះរាជាណាចក្រចាមបុរាណ ឬបន្តស្នាក់នៅដើម្បីទស្សនាពិធីបុណ្យបាញ់កាំជ្រួចដ៏អស្ចារ្យក្នុងខែមិថុនា។
ជំពូក 06 —
ខែមិថុនា
រដូវក្តៅនៅ ឆូងសមុទ្រ Hạ Long មានន័យថាជាការហាលថ្ងៃនៅលើជាន់ខាងលើនៃកប៉ាល់កម្សាន្ត ការហែលទឹកនៅជុំវិញកោះថ្មកំបោរ និងការញ៉ាំប្រហិតមឹកស្រស់ៗ។ សម្រាកពីពន្លឺព្រះអាទិត្យ ហើយទស្សនាទម្រង់ថ្មដែលមានអាយុកាលរាប់ពាន់ឆ្នាំយ៉ាងជិតស្និទ្ធនៅក្នុងរូងភ្នំជាច្រើននៃ Hạ Long។ ការជិះយន្តហោះសមុទ្រ នឹងផ្តល់ឱ្យអ្នកនូវទិដ្ឋភាពពីលើអាកាសដ៏អស្ចារ្យនៃឆូងសមុទ្រដ៏ល្បីល្បាញនេះ ភូមិបណ្តែតទឹក និងភ្នំថ្មកំបោរដ៏ស្កឹមស្កៃ។
ជំពូក 07 —
ខែកក្កដា
ឆ្នេរសមុទ្រនៅភាគកណ្តាលនៃប្រទេសវៀតណាម គឺជាទីកន្លែងក្នុងក្តីស្រមៃក្នុងខែកក្កដាដែលមានពន្លឺថ្ងៃ ជាមួយនឹងផ្ទៃមេឃខៀវស្រឡះ ផ្ទៃទឹកចាំងពន្លឺ និងឆ្នេរខ្សាច់ក្តៅឧណ្ហៗ។ ជិះរថភ្លើង និងតម្រង់ទិសដៅទៅកាន់ Nha Trang សម្រាប់ការសម្រាកលំហែកាយនៅឆ្នេរសមុទ្រយ៉ាងលឿន និងងាយស្រួល។ ការដើរកម្សាន្តតាមកោះនានានៅទីនេះ គឺជាអ្វីដែលមិនអាចរំលងបាន ជាមួយនឹងប្រជុំកោះប៉ប្រះទឹកដែលត្រូវបានការពារ និងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។ មុជទឹកភក់សម្បូរទៅដោយរ៉ែ មុនពេលចេញទៅញ៉ាំអាហារពេលល្ងាចគ្រឿងសមុទ្រនៅក្បែរសមុទ្រ។
ជំពូក 08 —
ខែសីហា
វាលស្រែកាំជណ្តើរនៅ Sa Pa គ្របដណ្តប់ដោយពណ៌មាសយ៉ាងស្រស់ស្អាតនៅក្នុងខែសីហា នៅពេលដែលដើមស្រូវទុំជ្រុះទម្ងន់។ «រដូវពណ៌មាស» នេះមានភ្លៀងរ៉ឹមៗនៅព្រឹកព្រលឹម និងយប់ជ្រៅ ហើយពេលល្ងាចត្រជាក់ល្មមសម្រាប់ភ្នក់ភ្លើង និងអាហារឆ្នាំងក្តៅយ៉ាងកក់ក្តៅ។ បន្ទាប់ពីការដើរភ្នំពេញមួយថ្ងៃ សូមផ្តល់រង្វាន់ដល់ខ្លួនអ្នកជាមួយនឹងការងូតទឹកឱសថបុរាណ និងសម្រាកនៅផ្ទះស្នាក់ជនជាតិភាគតិច។
ជំពូក 09 —
ខែកញ្ញា
រដូវស្លឹកឈើជ្រុះនៅ Ha Noi គឺស្រស់ស្អាតខ្លាំងណាស់ រហូតមានបទចម្រៀង កំណាព្យ និងរឿងខ្លីវៀតណាមរាប់មិនអស់ត្រូវបានសរសេរឡើងអំពីរាជធានីមួយនេះក្នុងរដូវកាលនេះ។ ហៅស៊ីក្លូជិះកម្សាន្តជុំវិញសង្កាត់ចាស់ (Old Quarter) ស្វែងរកហាងកាហ្វេលាក់ខ្លួនក្នុងវីឡាបារាំង ឬដើរលេងក្រោមស្លឹកឈើជ្រុះ។ ហាណូយក៏ជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីប្រារព្ធពិធីបុណ្យជាតិនៅថ្ងៃទី ២ ខែកញ្ញា ដោយមានទង់ជាតិបង្ហោះតាមគ្រប់ដងផ្លូវ។
ជំពូក 10 —
ខែតុលា
Pù Luông ក្នុងខែតុលា គឺជាជម្រើសដ៏ល្អប្រសិនបើអ្នកចូលចិត្តទស្សនីយភាពបៃតងខ្ចី និងការលម្ហែកាយបែបធម្មជាតិ។ កក់ការស្នាក់នៅក្នុងផ្ទះខ្នងខ្ពស់ដែលបែរមុខទៅរកជ្រលងភ្នំ ហើយភ្ញាក់ដឹងខ្លួនឡើងជាមួយវាលស្រែថ្នាក់ៗដ៏ក្រអូបប្រហើរនៅខាងក្រៅបង្អួចរបស់អ្នក។ ខណៈពេលដែលអ្នកនៅ Pù Luông អ្នកប្រហែលជាចង់ដើរកម្សាន្តទៅកាន់ទឹកជ្រោះ ឬចូលរួមសិក្ខាសាលាយកតម្បាញជាមួយជនជាតិភាគតិចថៃ។ ពិតណាស់ ការមិនធ្វើអ្វីសោះនៅកន្លែងដ៏ស្រស់ស្អាតក៏ជាជម្រើសដ៏អស្ចារ្យមួយដែរ។
ជំពូក 11 —
ខែវិច្ឆិកា
Hà Giang ល្បីល្បាញដោយសារទន្លេ Nho Quế ដ៏អស្ចារ្យ ផ្លូវច្រកភ្នំ panorama ទីផ្សារជនជាតិភាគតិចដ៏អ៊ូអរ និងពិធីបុណ្យផ្កាបាក់វីតក្នុងខែវិច្ឆិកា។ នៅក្បែរជួរភ្នំដ៏ប្រណីត បណ្តាភ្នំផ្កាបាក់វីតដែលកំពុងរីកស្កុសស្កាយទាំងនេះ គឺជាទស្សនីយភាពដ៏ស្រស់ស្អាតបំផុតមួយរបស់វៀតណាម។ អ្នកមិនដែលរៀបចំកាតមេម៉ូរីកាមេរ៉ាច្រើនពេកទេសម្រាប់ដំណើរកម្សាន្តនៅ Hà Giang។
ជំពូក 12 —
ខែធ្នូ
សម្រាប់បុណ្យគ្រិស្តស្មាសបែបតំបន់ក្ដៅ ជាមួយនឹងរលកបោកបក់ ដូងស្រស់ៗ និងខ្សាច់ម៉ត់ល្មើយ សូមដាក់បញ្ចូលកោះ Phú Quốc ទៅក្នុងផែនការធ្វើដំណើរខែធ្នូរបស់អ្នក។ ជាមួយនឹងខ្យល់អាកាសបរិសុទ្ធស្រាលៗ និងសីតុណ្ហភាពទឹកសមស្របសម្រាប់ការហែលទឹក និងមុជទឹក កោះ Phú Quốc គឺជាកន្លែងដ៏អស្ចារ្យដើម្បីប្រារព្ធពិធីបុណ្យឈប់សម្រាកជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។ ទស្សនាថ្ងៃលិចពណ៌ស្វាយដ៏ល្បីល្បាញរបស់កោះនេះ -- វិធីដ៏ល្អឥតខ្ចោះដើម្បីបញ្ចប់ឆ្នាំ។







