នៅក្នុងរឿងព្រេងប្រជាប្រិយវៀតណាម មានរឿងរ៉ាវមួយនិយាយអំពីទេវតាបានប្រគល់ស្រូវជូនដល់មនុស្សលោក ដើម្បីឱ្យពួកគេអាចរស់នៅបានយ៉ាងងាយស្រួល។ ទោះជាយ៉ាងណាក៏ដោយ នៅពេលបំពេញតាមបំណងរបស់ទេវតា អ្នកនាំសារបានច្រឡំបាវស្មៅជាបាវស្រូវ។ ដោយសារតែហេតុនេះហើយ ស្មៅដុះយ៉ាងងាយស្រួល ខណៈដែលស្រូវត្រូវថែទាំជាពិសេស។
រឿងព្រេងនេះនិងរឿងព្រេងផ្សេងទៀតបង្ហាញពីចំណងយ៉ាងស្អិតល្មួតរបស់វៀតណាមជាមួយនឹងស្រូវ ដែលត្រូវបានដាំដុះនៅទូទាំងប្រទេស។ នៅតំបន់ភាគកណ្ដាល និងភាគខាងត្បូង ស្រូវត្រូវបានដាំដុះនៅលើវាលស្រែរាបស្មើ ប៉ុន្តែនៅភាគខាងជើង ស្រូវត្រូវបានដាំដុះនៅលើវាលស្រែកាំជណ្ដើរយ៉ាងស្រស់ស្អាតប្លែកភ្នែកដែលលាតសន្ធឹងតាមជម្រាលភ្នំ។ ខាងក្រោមនេះជាទីតាំងល្អបំផុតចំនួនប្រាំដើម្បីទស្សនាវាលស្រែកាំជណ្ដើរនៅវៀតណាម និងខែដ៏ស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្ត។
ជំពូក 01 —
Mù Cang Chải
Mù Cang Chải គឺជាស្រុកដ៏សាមញ្ញមួយដែលមានការសម្ងាត់ដ៏គួរឱ្យមោទនភាព។ វាលស្រែថ្នាក់ៗដ៏ទាក់ទាញនៃតំបន់នេះ អាចនិយាយបានថាជាវាលស្រែដ៏អស្ចារ្យបំផុតនៅក្នុងប្រទេសវៀតណាម។ វាលស្រែថ្នាក់ៗទាំងនេះត្រូវបានបង្កើតឡើងដោយជនជាតិភាគតិចហ្មុង (H’mong) ដែលជាប្រជាជនតំបន់ភ្នំដែលបានធ្វើស្រែចម្ការលើដីនេះអស់រយៈពេលជាង ២០ ជំនាន់មកហើយ។ វាលស្រែថ្នាក់ៗរបស់ Mù Cang Chải មានផ្ទៃដីលើសពី ២,០០០ ហិកតា លាតសន្ធឹងដាច់កន្ទុយភ្នែក។ អ្នកថតរូបមកពីគ្រប់ទិសទីតែងតែមកដល់ក្នុងអំឡុងរដូវប្រមូលផល ដោយសង្ឃឹមថានឹងផ្ដិតយកសម្រស់ដ៏អស្ចារ្យស្ទើរតែមិនគួរឱ្យជឿរបស់វា។
ពេលវេលាគួរទៅទស្សនា៖
អ្នកអាចរីករាយជាមួយសម្រស់នៃ Mù Cang Chải បានពេញមួយឆ្នាំ ប៉ុន្តែខែកញ្ញា និងខែតុលា គឺជាពេលដែលដើមស្រែឡើងពណ៌មាស និងទុំធ្ងន់កួរ។
ជំពូក 02 —
Y Tý
ស្ថិតនៅជ្រៅក្នុងតំបន់ភ្នំភាគឦសាន សហគមន៍តូចមួយនេះមានវាលស្រែកាំជណ្ដើរ និងព្រៃឈើដ៏ស្រស់ស្អាតដូចផ្ទាំងគំនូរនៅតំបន់ខ្ពង់រាប។ Y Tý ត្រូវបានគេស្គាល់នៅក្នុងប្រទេសវៀតណាមថាជាគោលដៅ ‘ប្រមាញ់ពពក’ ដែលមានចម្ងាយបើកបរពីរម៉ោងពី Sa Pa។ ឡើងទៅកាន់កំពូលភ្នំ Nhìu Cồ San ដែលមានកម្ពស់ ២,៧០០ ម៉ែត្រលើកម្រិតទឹកសមុទ្រ ដើម្បីទស្សនា ‘ដំបូលពពក’ ដោយផ្ទាល់ភ្នែក។ Y Tý គឺជាទីលំនៅរបស់ជនជាតិ Hà Nhì ដែលជាក្រុមជនជាតិភាគតិចតូចមួយ ស្លៀកសម្លៀកបំពាក់ប្រពៃណីយ៉ាងទាក់ទាញ ហើយនៅតែសាងសង់ផ្ទះរបស់ពួកគេដោយជញ្ជាំងដីឥដ្ឋ និងដំបូលប្រកស្បូវ។
ពេលវេលាស័ក្តិសមសម្រាប់ទស្សនា៖
ដើម្បីទទួលបានទិដ្ឋភាពវាលស្រែកាំជណ្ដើរដ៏ស្អាតបំផុត សូមរៀបចំគម្រោងធ្វើដំណើររបស់អ្នកក្នុងកំឡុង ‘រដូវបញ្ចូលទឹក’ នៅខែឧសភា ឬនៅចុងខែកញ្ញា នៅពេលដល់រដូវប្រមូលផល។
បណ្ដាំ៖ ប្រសិនបើអ្នកមានពេល សូមរៀបចំការឈប់សម្រាកនៅផ្សារព្រឹកថ្ងៃសៅរ៍ប្រចាំសប្ដាហ៍នៅ Y Tý ដើម្បីមានឱកាសជួបជុំជាមួយជនជាតិ Hà Nhì និងក្រុមជនជាតិភាគតិចផ្សេងទៀតដែលរស់នៅក្នុងតំបន់នោះ។
ជំពូក 03 —
Sa Pa
ទីក្រុងតំបន់ភ្នំ Sa Pa គឺជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ការស្វែងយល់ពីភាពអស្ចារ្យនៃភាគខាងជើងប្រទេសវៀតណាម។ ដោយគ្រាន់តែដើរភ្នំ ឬបើកបរក្នុងចម្ងាយជិតចេញពីក្រុង អ្នកនឹងបានឃើញជ្រលងភ្នំដ៏អស្ចារ្យ ដោយមានវាលស្រែថ្នាក់ៗគ្របដណ្តប់លើជម្រាលភ្នំចាប់ពីកំពូលភ្នំពោរពេញដោយអ័ព្ទរហូតដល់ផ្លូវទឹកហូរ។ Sa Pa មានផ្លូវដើរភ្នំសម្រាប់អ្នកដើរកម្សាន្តគ្រប់ប្រភេទ ហើយអ្នកអាចរៀបចំផែនការដើរភ្នំច្រើនថ្ងៃដើម្បីចំណាយពេលកាន់តែច្រើននៅកណ្តាលទេសភាពដ៏អស្ចារ្យទាំងនេះ។ ការស្នាក់នៅក្នុងភូមិជនជាតិភាគតិច ឬផ្ទះស្នាក់ជនជាតិភាគតិចនៅ Sa Pa នឹងធ្វើឱ្យអ្នកកាន់តែយល់ច្បាស់ និងកោតសរសើរចំពោះវប្បធម៌ដ៏ពិសេស និងទេសភាពដ៏ស្កឹមស្កៃនៃតំបន់នេះ។
ពេលវេលាគួរទៅទស្សនា៖
ពេលវេលាល្អបំផុតដើម្បីទស្សនា Sa Pa គឺនៅមុនរដូវប្រមូលផល។ មេឃស្រឡះ និងទេសភាពដ៏ស្រស់ស្អាតមានចាប់ពីពាក់កណ្តាលខែសីហារហូតដល់ដើមខែកញ្ញា។
ជំពូក 04 —
Hoàng Su Phì
ស្ថិតនៅចម្ងាយតែប៉ុន្មានម៉ោងប៉ុណ្ណោះពីទីក្រុង Hà Giang តំបន់ Hoàng Su Phì នៅតែជាទីកន្លែងដែលភ្ញៀវទេសចរមិនទាន់ស្គាល់ច្រើននៅឡើយ។ ស្រុកនេះត្រូវបានខ័ណ្ឌចែកដោយជួរភ្នំដែលលាតសន្ធឹងចុះយ៉ាងចោតឆ្ពោះទៅកាន់ទន្លេ Lo។ Hoàng Su Phì ល្បីល្បាញដោយសារកំពូលភ្នំខ្ពស់ៗចោត និងជ្រលងភ្នំចង្អៀត។ នៅទីនេះ អ្នកនឹងបានឃើញវាលស្រែថ្នាក់ៗរៀបចំយ៉ាងចោតនៅលើជម្រាលភ្នំ ឬលាតសន្ធឹងលើកូនភ្នំតូចធំប្រកបដោយរលកស្របគ្នាយ៉ាងឥតខ្ចោះ។ ភូមិជនជាតិភាគតិចនីមួយៗមានរដូវដាំដុះ និងរដូវប្រមូលផលរៀងៗខ្លួន ដូច្នេះដោយគ្រាន់តែស្វែងរកបន្តិច អ្នកអាចនឹងឃើញស្រូវនៅពេលវេលាផ្សេងៗគ្នាក្នុងមួយឆ្នាំ។
ពេលវេលាគួរទៅទស្សនា៖
រដូវបញ្ចូលទឹកស្រែនៅ Hoàng Su Phì ចាប់ផ្តើមពីខែមីនារហូតដល់ខែឧសភា។ ក្នុងអំឡុងពេលនេះ អ្នកអាចថតយករូបភាពចាំងផ្លាតនៃផ្ទៃមេឃដែលផ្លាស់ប្តូរពណ៌នៅលើវាលស្រែថ្នាក់ៗដែលមានទឹកលិចពេញ។
ជំពូក 05 —
Pù Luông
មានចម្ងាយប្រហែលបួនម៉ោងពីទីក្រុងហាណូយ ខេត្ត Thanh Hóa មានអាថ៌កំបាំងពិសេសមួយគឺ៖ តំបន់អភិរក្សធម្មជាតិ Pù Luông។ ជីវិតនៅ Pù Luông ស្ថិតនៅដាច់ដោយឡែកពីពិភពខាងក្រៅ ដែលធ្វើឱ្យទីនេះជាទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់ការសម្រាកលំហែកាយក្នុងធម្មជាតិ។ ជួរភ្នំត្រូវបានគ្របដណ្តប់ដោយព្រៃតំបន់ក្តៅ ឯជ្រលងភ្នំវិញត្រូវបានដាំដុះជាវាលស្រែថ្នាក់ៗយ៉ាងស្រស់ស្អាត។ មានភូមិតូចៗជាច្រើននៅក្នុងតំបន់អភិរក្សនេះ ដែលជាកន្លែងរស់នៅរបស់ជនជាតិភាគតិច Thai និង Muong។ អ្នកអាចស្នាក់នៅក្នុង homestay នៅក្បែរមាត់វាលស្រែថ្នាក់ៗ និងដើរលេងកម្សាន្តទស្សនាទេសភាពដ៏ស្រស់ស្រាយនៃ Pù Luông។
ពេលវេលាដែលគួរទៅទស្សនា៖
វាលស្រែថ្នាក់ៗនៅ Pù Luông ប្រែជាពណ៌បៃតងស្រស់ចាប់ពីខែសីហារហូតដល់ចុងខែតុលា ដែលជាពេលពណ៌មាសនៃរដូវប្រមូលផលចាប់ផ្តើមលេចឡើង។







