ស្ថិតនៅលើឆ្នេរសមុទ្រតំបន់ត្រកូលក្ដៅ កោះភូគុក (Phu Quoc) នៅតែជាកោះនេសាទដ៏ស្រស់ស្អាត និងមានភាពរីកចម្រើនយ៉ាងខ្លាំង ដោយផលិតបាននូវគ្រឿងសមុទ្រស្រស់ៗគួរឲ្យឆ្ងាញ់ពិសាយ៉ាងសម្បូរបែប ដឹកជញ្ជូនពីសមុទ្រមកកាន់ចានសម្រាប់ភ្ញៀវញ៉ាំដែលទន្ទឹងរង់ចាំ។ មិនមានអ្វីដែលស្រស់ ឬឆ្ងាញ់ជាងនេះទៀតទេ កោះភូគុកផ្តល់ជូននូវគ្រឿងសមុទ្រដ៏ល្អបំផុតមួយចំនួននៅលើពិភពលោក ដែលត្រូវបានកែច្នៃជាមួយនឹងរសជាតិ និងរូបរាងដ៏ប្រណិត មានតែប្រជាជនវៀតណាមប៉ុណ្ណោះដែលដឹងពីរបៀបធ្វើ។ លើសពីនេះ ដូចទៅនឹងម្ហូបភាគច្រើននៅវៀតណាម ពេលវេលាអាហារពេលល្ងាចគឺជាពេលវេលាដ៏រីករាយ ដោយផ្តល់នូវបទពិសោធន៍ផ្ទាល់ដៃជាមួយនឹងមុខម្ហូបទាំងអស់។ បន្តអានដើម្បីស្វែងយល់អំពីមុខម្ហូបពិសេសៗពីគ្រឿងសមុទ្រភូគុកដ៏ឆ្ងាញ់ពិសារ ដែលភ្ញៀវទេសចរមកកាន់ភូគុកមិនគួររំលងឡើយ។
ជំពូក 01 —
ប្រម៉ាត់សមុទ្រអាំង – Echinus (Nhum biển)
ជាមុខម្ហូបដ៏ពេញនិយមបំផុតក្នុងចំណោមអ្នកស្រុក ប្រម៉ាត់សមុទ្រអាំង មិនត្រឹមតែទាក់ទាញភ្នែកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានច្រើនសែស្រឡាយ/របៀបធ្វើផ្សេងៗគ្នាផងដែរ ដែលធ្វើឲ្យវាក្លាយជាមុខម្ហូបត្រូវតែភ្លក្សនៅកោះភូគុក។
ស្ថិតនៅដូចជាទូកឈើមូលៗលើចង្ក្រានធ្យូងក្តៅ ការរៀបចំដ៏គួរឲ្យទាក់ទាញនៃប្រម៉ាត់សមុទ្រអាំងធ្វើឲ្យអ្នកញ៉ាំចង់ភ្លក្សមើលអ្វីដែលនៅខាងក្នុង។ នៅពេលដែលបន្លារបស់វាត្រូវបានកាត់ចេញ ហើយប្រម៉ាត់សមុទ្រត្រូវបានពុះជាពីរ និងចាក់ទឹកចេញ ចុងភៅអាចចាប់ផ្តើមបន្ថែមគ្រឿងផ្សំពិសេសដើម្បីនាំយកមុខម្ហូបដ៏ពិសេសនេះមកកាន់តុ។ ការស្រោចប្រេង សណ្តែកដីលីង និងស្លឹកខ្ទឹមស្រស់ៗត្រូវបានបន្ថែម ហើយប្រម៉ាត់សមុទ្រត្រូវបានដាក់លើចង្ក្រានដើម្បីអាំង។ នៅពេលដែលវាទន់ ហើយក្លិនក្រអូបបញ្ចេញនូវរសជាតិពិសេសនៅខាងក្នុង ប្រម៉ាត់សមុទ្រគឺរួចរាល់សម្រាប់ទទួលទាន។
អ្នកគ្រាន់តែយកស្លាបព្រា ដួសសាច់ប្រម៉ាត់សមុទ្រ ហើយជ្រលក់ក្នុងទឹកត្រីក្រូចឆ្មារនិងម្រេច។ រសជាតិជូរ ហិរ ក្លិនក្រអូបស្រស់ និងសាច់ទន់ល្មើយ គឺជាផ្នែកមួយនៃបទពិសោធន៍ញ៉ាំប្រម៉ាត់សមុទ្រ។
កន្លែងដ៏ល្អបំផុតដើម្បីភ្លក្សរសជាតិប្រម៉ាត់សមុទ្រអាំង គឺនៅផ្សាររាត្រី Dinh Cau។
ជំពូក 02 —
ញាំត្រីឌុចឆៅ (Gỏi cá trích)
ពាក្យមួយឃ្លាដើម្បីពិពណ៌នាអំពីសម្រស់ និងរសជាតិនៃញាំត្រីឌុចឆៅ គឺ ស្រស់! នៅពេលដែលមុខម្ហូបនេះត្រូវបានលើកមកដាក់លើតុ សូមប្រាកដថាតុអាហារនឹងពោរពេញទៅដោយពណ៌សោភ័ណភាព ក្លិនឈ្ងុយឆ្ងាញ់ និងភ្ញៀវដែលទន្ទឹងរង់ចាំញ៉ាំ។
ទោះបីជាត្រូវបានពិពណ៌នាថាជាញាំក៏ដោយ មុខម្ហូបនេះមានភាពរីករាយ និងផ្ដល់បទពិសោធន៍ញ៉ាំផ្ទាល់ដៃច្រើនជាងនេះ។ ដំបូង ត្រីឌុចឆៅត្រូវបានលាយជាមួយជីរអង្កាម និងខ្ទឹមបារាំង ដូងកោស និងបន្លែស្រស់ៗស្រួយៗជាច្រើនមុខ។ បន្ទាប់មក អ្នកយកនំប្រដាប់ រុំគ្រឿងផ្សំដែលអ្នកចូលចិត្តចូលគ្នា ហើយជ្រលក់ចូលក្នុងទឹកជ្រលក់ដ៏ឈ្ងុយឆ្ងាញ់ដែលមានទឹកត្រីពិសេសរបស់ភូគុក ខ្ទឹមសនិងម្ទេសចិញ្ច្រាំ និងសណ្តែកដីលីង។ រសជាតិគឺក្រអូប និងស្រស់ ហើយអាចញ៉ាំបានគ្រប់ពេលវេលានៃថ្ងៃ ទោះបីជាវាជាអាហារដ៏ស្រស់ស្រាយបំផុតសម្រាប់ថ្ងៃក្ដៅក៏ដោយ។
ជំពូក 03 —
ក្ដាមសេះហាមនិញ (Ghẹ Hàm Ninh)
ក្ដាមសេះហាមនិញដែលមានអុចៗពណ៌ផ្កាឈូក មានឈ្មោះល្បីល្បាញនៅលើកោះភូគុក ហើយមានទីតាំងនៅកន្លែងដែលមានឈ្មោះដូចគ្នា គឺហាមនិញ (Ham Ninh) ដែលជាភូមិណេសាទមួយមានចម្ងាយ ២០ គីឡូម៉ែត្រពីទីប្រជុំជន ឌឿងដុង (Duong Dong) ហើយត្រូវបានគេស្គាល់ដោយសារទំហំតូច និងរសជាតិឈ្ងុយឆ្ងាញ់ នៃក្ដាមហាមនិញ ព្រមទាំងក្លិន និងរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វា។
ក្ដាមសេះគឺឆ្ងាញ់បំផុតនៅពេលស្ងោរ ហើយអ្នកស្រុកបានណែនាំថា ក្ដាមកាន់តែតូច រសជាតិនឹងកាន់តែឆ្ងាញ់។ សាច់ដ៏មានរសជាតិឆ្ងាញ់ត្រូវបានជ្រលក់ក្នុងទឹកជ្រលក់ក្រូចឆ្មារនិងម្រេច ហើយអាចញ៉ាំបាននៅទីតាំងផ្សេងៗគ្នានៅលើកោះភូគុក។ សម្រាប់បទពិសោធន៍ដ៏ពិតប្រាកដ សូមធ្វើដំណើរទៅកាន់ភូមិហាមនិញដ៏ស្រស់ស្អាត ហើយរីករាយជាមួយការញ៉ាំក្ដាម ព្រមទាំងទស្សនាឆ្នេរសមុទ្ររាក់ៗដ៏ភ្លឺថ្លា។
ជំពូក 04 —
បង្កងបប៉ាត – (Tôm mũ ni)
បង្កងបប៉ាត គឺជាមុខម្ហូបដ៏ប្រណិតបំផុតមួយនៅកោះភូគុក ដែលត្រូវបានបម្រើទាំងនៅក្នុងភោជនីយដ្ឋានទំនើបៗ និងនៅតាមផ្សាររាត្រីដ៏មមាញឹក។ បង្កងបប៉ាតគ្មានតង្កៀបទេ មានន័យថាយើងទទួលបានសាច់ទាំងអស់ចេញពីកន្ទុយដ៏ធំរបស់វា។ ស្ងោររហូតដល់សាច់ទន់ និងឈ្ងុយ បង្កងបប៉ាតគឺស័ក្តិសមបំផុតក្នុងការញ៉ាំដោយជ្រលក់ជាមួយទឹកជ្រលក់ក្រូចឆ្មារ អំបិល និងម្រេចភូគុក។
សាច់របស់វាមានពណ៌សស្អាត ជាមួយនឹងសាច់ទន់ល្មើយដែលជាការរួមបញ្ចូលគ្នារវាងបង្គានិងបង្កងនាគ។ ទោះជាយ៉ាងណាក៏ដោយ រសជាតិរបស់វាគឺប្លែក ខណៈដែលសាច់របស់វាមានរសជាតិផ្អែមជាងប្រភេទបង្កងផ្សេងទៀត។
ជំពូក 05 —
ខ្យង - (Ốc)
ការធ្វើដំណើរទៅកាន់កោះភូកុក នឹងមិនបានពេញលេញឡើយ ប្រសិនបើមិនបានភ្លក់រសជាតិខ្យងសមុទ្រដ៏ឆ្ងាញ់ពិសាជាច្រើនប្រភេទ ដែលមាននៅទីនោះ។ នៅលើកោះនេះ មានខ្យងគ្រប់ពណ៌ ទំហំ រសជាតិ របៀបរៀបចំ និងវិធីចម្អិនជាច្រើន សម្រាប់ពិធីលៀងសាយភោជន៍ខ្យងសមុទ្រ។ ការទទួលទានអាហារខ្យងផ្ដល់នូវបទពិសោធន៍ដ៏ពិសេសមួយ ដែលអ្នកអាចជ្រើសរើសដោយភ្នែក និងភ្លក់មើលដោយបេះដូង។ ខ្យងសមុទ្រមានសម្បូរបែប ធូរថ្លៃ និងផ្ដល់នូវបទពិសោធន៍ទទួលទានអាហារបែបវៀតណាមដ៏ប្លែកអារម្មណ៍។ ការណែនាំរបស់យើងគឺ ត្រូវសង្កេតមើលអ្វីដែលអ្នកស្រុកនៅទីនោះហូប ហើយសាកល្បងញ៉ាំខ្យងច្រើនប្រភេទផ្សេងៗគ្នា។ អ្នកនឹងមិនខកបំណងឡើយ!
ជំពូក 06 —
ត្រី Trachurus អាំង - (Cá sòng nướng)
ត្រី Trachurus អាំងលើធ្យូងក្តៅៗ និងជាប្រភេទត្រីដែលពិបាកនេសាទបាន គឺជាម្ហូបដ៏មានឱជារសនៅពេលពិសារអាហារនៅលើកោះភូកុក។ សាច់ត្រីដ៏ឆ្ងាញ់ដែលប្រកបដោយអំបិល និងម្ទេស ត្រូវបានខ្ចប់ជាមួយបន្លែគ្រប់មុខ និងជី នៅក្នុងនំក្រដាសអង្ករ។ សាច់ត្រីមានលក្ខណៈពិសេស - មានសាច់ច្រើនជាងគ្រឿងសមុទ្រទូទៅ និងមិនសូវឆ្អាបនោះទេ។ វាមានក្លិនឈ្ងុយ និងរសជាតិផ្អែមធម្មជាតិ ដែលធ្វើឱ្យគ្រឿងសមុទ្រមួយនេះក្លាយជាម្ហូបដែលអ្នកមិនគួររំលងឡើយនៅកោះភូកុក។







