Vietnamese crab export
សូមចំណាំ៖ ព័ត៌មានថ្មីៗអំពីគោលដៅ បទពិសោធន៍ និងការធ្វើដំណើរនៅ Vietnam ស្វែងយល់ឥឡូវនេះ →

ព័ត៌មានទាំងអស់អំពីអាវយ៉ាយ៖ សម្លៀកបំពាក់ជាតិរបស់វៀតណាម

សម្លៀកបំពាក់ជាតិរបស់វៀតណាម អាវយ៉ាយ (áo dài) គឺជាជានិមិត្តរូបនៃសម្រស់ដ៏ទាក់ទាញបំផុតមួយរបស់ប្រទេសនេះ។ ជាង រាប់រយឆ្នាំមកនេះ, អាវយ៉ាយបានវិវឌ្ឍរួមជាមួយប្រទេសវៀតណាម ដោយផ្លាស់ប្តូរពីរចនាប័ទ្មរាជវង្សទៅជាភាពស៊ីវិល័យ ពីភាពសាមញ្ញទៅជាម៉ូដទាន់សម័យកម្រិតខ្ពស់ ហើយត្រឡប់មកវិញ។ អាវយ៉ាយវៀតណាមត្រូវបានពេញនិយមទាំងក្មេងទាំងចាស់ ហើយកាត់ដេររាងដ៏ស្រស់ស្អាតរបស់វាស័ក្តិសមទាំងបុរស និងស្ត្រី។ ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីរឿងរ៉ាវនៃអាវយ៉ាយ និងគន្លឹះសម្រាប់ការកាត់ដេរខ្លួនឯង សូមអានបន្ត។

សម្លៀកបំពាក់ប្រពៃណីវៀតណាម

ជំពូក 01 —

រឿងរ៉ាវនៃអាវយ៉ាយ

រឿងរ៉ាវនៃអាវយ៉ាយបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៧៤៤ នៅពេលដែលវៀតណាមត្រូវបានបែងចែកជាពីរដែនដី គឺដីខាងក្នុង (Đàng Trong) និងដីខាងក្រៅ (Đàng Ngoài)។ ដើម្បីសម្គាល់ប្រជាជនរបស់ទ្រង់ ព្រះចៅ Nguyễn Phúc Khoát នៃដែនដីខាងក្នុងបានស្នើសុំឱ្យរាស្ត្ររបស់ទ្រង់ពាក់អាវវែងមានឡេវខាងមុខជាមួយនឹងខោជើងវែង។ សម្លៀកបំពាក់ ៥ ផ្ទាំងនេះ (áo ngũ thân) គឺជាប្រភពគំនិតសម្រាប់អាវយ៉ាយទំនើប។ រាជវង្សានុវង្ស និងវណ្ណៈជាន់ខ្ពស់បានកាត់ដេរសម្លៀកបំពាក់របស់ពួកគេពីសូត្រដ៏ល្អឯក ជាមួយនឹងព័ត៌មានលម្អិតដ៏ផ្ចិតផ្ចង់ និងពណ៌ស្រស់ឆើតឆាយដើម្បីបង្ហាញពីឋានៈនៅក្នុងរាជវាំង។ 

នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ សម្លៀកបំពាក់នេះត្រូវបានសម្រួលមកត្រឹមពីរផ្នែកដោយសិល្បករវៀតណាម Le Mur Nguyễn Cát Tường។ ផ្ទាំងខាងមុខត្រូវបានពង្រីកឱ្យវែងដល់កជើង ហើយរាងត្រូវបានកាត់ឱ្យសមសួនជាងមុន។ ដូចគ្នានឹងគំនិត «លក្ខណៈប៉ែកលិច» ផ្សេងទៀតដែរ រចនាប័ទ្មនេះត្រូវបានទទួលយកដោយភាពស្ទាក់ស្ទើរនៅពេលដំបូង។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពី Le Mur បានរចនាបណ្តុំម៉ូដអាវយ៉ាយសម្រាប់អគ្គមហេសី Nam Phương ដែលជាភរិយារបស់អធិរាជចុងក្រោយបង្អស់របស់វៀតណាម Bảo Đại ស្រ្តីនៅទីក្រុងបានចាប់ផ្តើមទទួលយក និងធ្វើឱ្យរចនាប័ទ្មទំនើបនេះកាន់តែមានប្រជាប្រិយភាព។ 

សម្លៀកបំពាក់វៀតណាម

បន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម លោក ហូ ជីមិញ បានសរសេរសារណាស្រាវជ្រាវមួយនៅឆ្នាំ ១៩៤៧ ដោយកត់សម្គាល់ថា អាវយ៉ាយមិនសមស្របសម្រាប់ការធ្វើស្រែចំការ ឬរោងចក្រនោះទេ ដោយស្វែងរកការស្នើសុំឱ្យប្រជាជនវៀតណាមកែប្រែសម្លៀកបំពាក់របស់ពួកគេឱ្យមានប្រសិទ្ធភាពជាងមុនសម្រាប់ការងារ។ ជាលទ្ធផល អាវយ៉ាយបានក្លាយជាសម្លៀកបំពាក់ដែលបម្រុងទុកសម្រាប់វត្តមានផ្លូវការ និងឱកាសពិសេសៗ។ បច្ចុប្បន្ននេះ នៅទូទាំងប្រទេស សិស្សសាលាមធ្យមសិក្សាទុតិយភូមិជាស្ត្រីត្រូវបានតម្រូវឱ្យពាក់សម្លៀកបំពាក់នេះយ៉ាងហោចណាស់មួយថ្ងៃក្នុងមួយសប្តាហ៍។ ក្មេងស្រីពាក់អាវយ៉ាយពណ៌សជិះកង់ទៅសាលារៀនបានបង្កើតជាប្រភពគំនិតដល់បទចម្រៀង កាព្យ និងគំនូរវៀតណាមជាច្រើន។ អាវយ៉ាយក៏ត្រូវបានពាក់ដោយស្ត្រីគ្រប់វ័យផងដែរនៅពេលណាដែលត្រូវបង្កើតចំណាប់អារម្មណ៍ល្អ។ 

គន្លឹះ៖ ចូលមើលបណ្តុំម៉ូដអាវយ៉ាយដែលដាក់បង្ហាញជាអចិន្ត្រៃយ៍នៅ សារមន្ទីរស្ត្រីវៀតណាម ក្នុងក្រុងហាណូយ ដើម្បីស្វែងយល់បន្ថែមអំពីប្រវត្តិនៃសម្លៀកបំពាក់នេះ និងកាយវិការកែច្នៃផ្លាស់ប្តូរជាច្រើនរបស់វា។ 

រ៉ូបប្រពៃណីវៀតណាម

ជំពូក 02 —

រចនាប័ទ្មទំនើបនៃអាវយ៉ាយ

កអាវរាងទូក ប្រវែងខ្លី ដៃខ្លី--អ្នករចនាម៉ូដទំនើបមិនភ័យខ្លាចក្នុងការស្វែងរកគំនិតច្នៃប្រឌិតថ្មីៗនៅពេលនិយាយអំពីអាវយ៉ាយនោះទេ។ ការកែច្នៃថ្មីៗមួយចំនួននៃសម្លៀកបំពាក់ប្រពៃណីនេះបានធ្វើឱ្យវាកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលមានន័យថាគេអាចពាក់វានៅក្នុងបរិយាកាសផ្លូវការតិចជាងមុន។ រចនាប័ទ្មប្រវែងត្រឹមជង្គង់គឺងាយស្រួលសម្រាប់ពាក់ជិះម៉ូតូ និងកង់ ហើយអ្នកនឹងឃើញកអាវធម្មតាៗជាច្រើនប្រភេទដែលត្រូវពាក់នៅថ្ងៃរដូវក្តៅ រួមទាំងកអាវមូលទូលាយ និងកអាវរាងទូកផងដែរ។ 

អាវយ៉ាយវៀតណាម

ជំពូក 03 —

ពេលណាត្រូវពាក់អាវយ៉ាយ

ស្ត្រីវៀតណាមចូលចិត្តពាក់អាវយ៉ាយសម្រាប់ការថតរូបក្នុងបរិយាកាសដ៏ស្រស់ស្អាត។ ថ្ងៃរដូវស្លឹកឈើជ្រុះដ៏ស្រស់បំព្រងនៅហាណូយស័ក្តិសមបំផុតសម្រាប់ការថតរូបជុំវិញបឹង Hoàn Kiếm (ហ្វាន់គៀម)។ ក្នុងអំឡុងបុណ្យចូលឆ្នាំចិន/វៀតណាម (Tết) អ្នកនឹងឃើញសម្លៀកបំពាក់នេះយ៉ាងលេចធ្លោបំផុត នៅពេលដែលស្ត្រីពាក់វាទៅសួរសុខទុក្ខមិត្តភក្តិ និងគ្រួសារ និងគោរពបូជានៅតាមវត្តអារាម និងអាស្រម។ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាពេលវេលាដ៏ល្អឥតខ្ចោះក្នុងការពាក់អាវយ៉ាយដ៏ល្អបំផុតរបស់ខ្លួន។ នៅវៀតណាម កូនក្រមុំ និងកូនកំលោះ ព្រមទាំងអ្នកអមដំណើរការរៀបអាពាហ៍ពិពាហ៍ នឹងពាក់អាវយ៉ាយយ៉ាងប្រណិតក្នុងពិធីបុរាណ បន្ទាប់មកភ្ញៀវនឹងបង្ហាញខ្លួននៅក្នុងពិធីជប់លៀងជាមួយនឹងម៉ូដសាមញ្ញជាង ប៉ុន្តែមានពណ៌ស្រស់ឆើតឆាយដូចគ្នា។

គន្លឹះ៖ ដើម្បីយល់ដឹងពីទីតាំងនៃអាវយ៉ាយនៅក្នុងម៉ូដសម្លៀកបំពាក់វៀតណាម សូមទស្សនាភាពយន្តរឿង 'The Tailor' អំពីផ្ទះរចនាម៉ូដអាវយ៉ាយមួយនៅក្នុងទីក្រុងហូជីមិញ។ ភាពយន្តនេះគឺជាបេក្ខភាពផ្លូវការរបស់វៀតណាមសម្រាប់រង្វាន់ភាពយន្តភាសាបរទេសល្អបំផុតនៅក្នុងកម្មវិធី Academy Awards ឆ្នាំ ២០១៨។ 

សម្លៀកបំពាក់ប្រពៃណីនៃប្រទេសវៀតណាម

ជំពូក 04 —

ពណ៌នៃអាវយ៉ាយ

នៅពេលជ្រើសរើសអាវយ៉ាយ ពណ៌នីមួយៗមានអត្ថន័យផ្ទាល់ខ្លួន។ ក្នុងសម័យរាជាធិបតេយ្យ ពណ៌មាសគឺជាពណ៌រាជវង្ស និងបម្រុងទុកសម្រាប់ព្រះមហាក្សត្រ និងព្រះរាជិនី។ អាវយ៉ាយពណ៌ក្រហមត្រូវបានពាក់ក្នុងអំឡុងបុណ្យចូលឆ្នាំ Tết សម្រាប់សំណាង និងភាពរីកចម្រើន។ កូនក្រមុំ និងកូនកំលោះក៏អាចពាក់ពណ៌ក្រហមនៅថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ពួកគេផងដែរ ដូច្នេះវាជាគំនិតល្អក្នុងការជ្រើសរើសពាក់ពណ៌ផ្សេងប្រសិនបើអ្នកជាភ្ញៀវ។ ពណ៌សតំណាងឱ្យភាពបរិសុទ្ធ និងភាពទន់ភ្លន់ ដូចដែលបានឃើញនៅក្នុងសម្លៀកបំពាក់ពណ៌សរបស់សិស្សវិទ្យាល័យ ហើយពណ៌ខ្មៅភាគច្រើនត្រូវបានពាក់នៅក្នុងពិធីបុណ្យសព។ ស្ត្រីវៀតណាមក៏ជ្រើសរើសពណ៌អាវយ៉ាយផ្អែកលើធាតុរបស់ពួកគេ (មាស/ដែក ឈើ ទឹក ភ្លើង ឬដី) ដែលយកចេញពីឆ្នាំកំណើតរបស់ពួកគេ។

សម្លៀកបំពាក់ប្រពៃណីវៀតណាម

ជំពូក 05 —

ការកាត់ដេរអាវយ៉ាយផ្ទាល់ខ្លួន

នរណាក៏ដោយអាចពាក់អាវយ៉ាយជាវិធីបង្ហាញការគោរពបានដែរ។ អាហារពេលល្ងាចផ្លូវការ ការជួបជុំសំខាន់ៗ និងការប្រារព្ធពិធីផ្សេងៗ សុទ្ធសឹងជាឱកាសសមស្រប គ្រាន់តែប្រាកដថាត្រូវពាក់អាវយ៉ាយរបស់អ្នកគ្របពីលើខោជើងវែងជានិច្ច។ ប្រសិនបើអ្នកកំពុងស្វែងរកអាវយ៉ាយដែលកាត់រួច ស្រេចចិត្ត អ្នកនឹងមានជម្រើសយ៉ាងច្រើននៅតាមហាងក្នុងតំបន់ចាស់ (Old Quarter) នៃក្រុងហាណូយ និងទីក្រុងបុរាណ Hội An (ហូយអាន)។ ជាងកាត់ដេរនៅ Hội An ក៏អាចកាត់ដេរសម្លៀកបំពាក់ថ្មីស្រឡាងឱ្យអ្នកក្នុងរយៈពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ សូមរីករាយក្នុងការជ្រើសរើសរចនាប័ទ្ម និងពណ៌ផ្ទាល់ខ្លួនរបស់អ្នកដើម្បីបន្ថែមលក្ខណៈផ្ទាល់ខ្លួន។ ដើម្បីបង្កើតអាវយ៉ាយតាមតម្រូវការផ្ទាល់ខ្លួន សូមចូលទៅកាន់ភូមិសូត្រ Vạn Phúc (វ៉ាន់ភុក) ដែលមានចម្ងាយ ២០ នាទីពីហាណូយ។ នៅទីនេះ អ្នកអាចទិញសូត្រដែលមានគុណភាពខ្ពស់ពីប្រភពផ្ទាល់ ស្វែងយល់អំពីការផលិតសូត្រ កាត់ដេរអាវយ៉ាយរបស់អ្នក និងថតរូបដ៏ស្រស់ស្អាតនៅចន្លោះខ្សែរ៉ូបសូត្រដ៏រលូន។ 

ចង់បានគំនិតធ្វើដំណើរកម្សាន្តនៅវៀតណាមបន្ថែមទៀតទេ? ចុះឈ្មោះទទួលបានព្រឹត្តិបត្រព័ត៌មានរបស់យើង ដើម្បីទទួលបានអត្ថបទល្អៗបំផុតរបស់យើងនៅក្នុងប្រអប់សាររបស់អ្នក។