នៅប្រទេសវៀតណាម ការទិញទំនិញគឺផ្តោតលើហាងទំនិញតូចៗ (boutiques) ដែលអ្នកពេញចិត្ត សិប្បករដែលមានទស្សនៈប្លែកអារម្មណ៍ និងការស្វែងរករបស់ប្លែកៗដែលផ្តល់នូវរឿងរ៉ាវសម្រាប់ប្រាប់ត។ ប្រទេសវៀតណាមសម្បូរទៅដោយសិប្បកម្ម ចាប់ពីការតម្បាញ រហូតដល់គំនូរលើពុម្ពឈើ។ ប្រវត្តិសាស្ត្រដ៏រស់រវើក និងឥទ្ធិពលវប្បធម៌ចម្រុះរបស់វា ផ្តល់នូវប្រភពគំនិតច្នៃប្រឌិតយ៉ាងច្រើនសម្រាប់ម៉ាកយីហោទំនើបៗ។ ខាងក្រោមនេះជាវត្ថុអនុស្សាវរីយ៍គួរឱ្យចាប់អារម្មណ៍ចំនួន ១០ គួរទិញយកទៅផ្ទះពីដំណើរកម្សាន្តនៅវៀតណាមរបស់អ្នក ព្រមទាំងបញ្ជីទីតាំងទិញទំនិញពេញនិយមនៅទូទាំងប្រទេស។
ជំពូក 01 —
គ្រឿងសរសេរ និងផ្ទាំងរូបភាព - Zo Project
អ្នកដែលចូលចិត្តគ្រឿងសរសេរនឹងងាយស្រួលលង់ស្រឡាញ់ផលិតផលសិល្បៈរបស់ Zo Project។ Zo Project គឺជាសហគ្រាសសង្គមមួយដែលមានគោលបំណងអភិរក្សបច្ចេកទេសធ្វើក្រដាសប្រពៃណីរបស់វៀតណាម។ ប្រតិទិន សៀវភៅកត់ត្រា និងផ្ទាំងរូបភាពទំនើបៗដែលរចនាយ៉ាងទាក់ទាញរបស់ Zo គឺជាវត្ថុអនុស្សាវរីយ៍វៀតណាមដ៏ស្រស់ស្អាត ហើយក៏ជាផ្ទាំងសិល្បៈផងដែរ។
គន្លឹះ៖ សម្រាប់បទពិសោធន៍ដ៏ស៊ីជម្រៅ សូមចូលរួម ដំណើរកម្សាន្តរបស់ Zo Project ទៅកាន់ភូមិសិប្បកម្មធ្វើក្រដាសនៅក្រៅទីក្រុងហាណូយ។
ជំពូក 02 —
ឈុតតែសេរ៉ាមិច និងគ្រឿងបន្លាស់ - Reaching Out
ប្រទេសវៀតណាមមានភូមិផលិតកុលាលភាជន៍ល្បីៗជាច្រើន និងរចនាប័ទ្មសេរ៉ាមិចប្លែកៗជាច្រើន។ នៅក្នុងក្រុង Hoi An ហាង Reaching Out បានផ្តល់ការងារដល់ជនពិការនៅក្នុងរោងជាងជាប់មាត់ទន្លេរបស់ខ្លួន ដែលផលិតគ្រឿងបន្លាស់តែគូរដោយដៃយ៉ាងប្រណិត។ ទិញឈុតតែសម្រាប់ម្នាក់ឯង (tea-for-one) ដែលអាចតម្រៀបចូលគ្នាក្នុងពែងតែបាន ឬកែវកាហ្វេតម្រងដំណក់បែបវៀតណាមពិតៗសម្រាប់ខ្លួនអ្នក។
ជំពូក 03 —
ថាស និងចង្កឹះគ្រឿងរ័ក្ស - Hanoia House
Hanoia House ប្រើប្រាស់បច្ចេកទេសធ្វើគ្រឿងរ័ក្សបុរាណរបស់វៀតណាម ដើម្បីបង្កើតគ្រឿងលម្អផ្ទះ និងគ្រឿងអលង្ការទំនើបៗ។ ដោយប្រើវិធីសាស្ត្របុរាណ រាល់ផ្ទាំងនីមួយៗ ទោះបីជាតូចយ៉ាងណាក៏ដោយ ក៏ត្រូវការពេលយ៉ាងតិច ១០០ ថ្ងៃដើម្បីផលិតដែរ។ ចូលទៅកាន់ហាងទំនិញទាន់សម័យរបស់ Hanoia ដើម្បីស្វែងរកថាសគ្រឿងរ័ក្ស ចង្កឹះ និងចានត្រឡោកដូង ដើម្បីលម្អតុអាហាររបស់អ្នកនៅឯផ្ទះ។
ជំពូក 04 —
រ៉ូប និងកន្សែងបង់កសូត្រ - Lam Boutique
ភាពសាមញ្ញ និងភាពស្និទ្ធស្នាល គឺជាលក្ខណៈពីរនៃរ៉ូបរបស់ Lam Boutique។ ត្រូវបានបង្កើតឡើងនៅ ទីក្រុងហូជីមិញ ដោយអ្នករចនាម៉ូដក្នុងស្រុក ម៉ាករ៉ូប និងសំពត់ដ៏ប្រណិតនេះរំលេចនូវភាពថ្លៃថ្នូរនៃសៃហ្គនបុរាណ។ ចូលទស្សនាហាងដើម្បីជ្រើសរើសអាវពាក់បែបវៀតណាម ឬអាវគីម៉ូណូសូត្រសម្រាប់ពាក់នៅផ្ទះ។
ជំពូក 05 —
ដំណាប់ផ្លែឈើតំបន់ក្តៅពីដែនដីសណ្ដទន្លេមេគង្គ - La Petite Epicerie
ឥឡូវនេះ អ្នកអាចនាំយកពន្លឺថ្ងៃនៃប្រទេសវៀតណាមត្រឡប់ទៅជាមួយអ្នក -- នៅក្នុងក្រឡបានហើយ! ផ្លែឈើ និងគ្រឿងទេសដ៏សម្បូរបែបរបស់ដែនដីសណ្ដទន្លេមេគង្គ បានបំផុសគំនិតឱ្យមានការបង្កើត La Petite Epicerie។ ដំណាប់ផ្លែឈើកម្រិតខ្ពស់របស់ម៉ាកយីហោនេះ ផ្តល់ជូននូវរសជាតិក្នុងស្រុកជាមួយនឹងការច្នៃប្រឌិតយ៉ាងឆ្ងាញ់ពិសា។ ស្វាយជាមួយខ្ញី ត្របែកជាមួយស្លឹកគ្រៃ និងម្នាស់ជាមួយឈើអែម គឺជាមុខទំនិញលក់ដាច់បំផុតមួយចំនួន។ ជ្រើសរើសរវាងក្រឡទំហំស្តង់ដារ ឬប្រអប់កាដូក្រឡតូចៗ។
ជំពូក 06 —
បៀរលេងបែបវៀតណាម - Gingko
បៀរលេងដ៏ទាន់សម័យមួយហ៊ូនេះ គឺជាកាដូដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅលើធ្នើរទំនិញនៅតាមហាងរបស់ Gingko ទូទាំងប្រទេស។ បៀរលេងនេះមានបង្ហាញពីរូបអង្គឥស្សរជនល្បីៗនៅក្នុងប្រវត្តិសាស្ត្រវៀតណាម ដូចជា មេទ័ព Tran Hung Dao, អធិរាជ Gia Long និងបងប្អូនស្រីត្រកូល Trung។ បៀរលេងនេះត្រូវបានរចនាយ៉ាងស្រស់ស្អាត ហើយមានក្រដាសបត់បង្ហាញពីការពិពណ៌នាខ្លីៗអំពីវីរបុរស និងវីរនារីនៅលើសន្លឹកបៀរទាំងនោះ។
ជំពូក 07 —
សូកូឡាវៀតណាមឆ្ងាញ់ប្រណិត - Maison Marou
អ្នកចូលចិត្តសូកូឡាមិនគួររំលងហាងធំរបស់ Marou នៅទីក្រុងហូជីមិញ ឬ 'ស្ថានទូតកាកាវ' របស់ខ្លួននៅទីក្រុងហាណូយឡើយ។ ហាងកាហ្វេសូកូឡានេះមានបម្រើនូវសូកូឡាក្តៅ និងនំផ្អែមៗយ៉ាងឆ្ងាញ់ពិសារ ប៉ុន្តែហាងទំនិញជាកន្លែងដែលអ្នកនឹងស្វែងរកឃើញសូកូឡាដុំ single-origin ឈ្នះរង្វាន់ទាំង ៦ ប្រភេទរបស់ Marou, ដុំ Origin Plus ដែលលាយជាមួយគ្រឿងផ្សំដូចជា Da Lat Arabica ព្រមទាំងសូកូឡាដុំ និងស្ករគ្រាប់សូកូឡាពិសេសរបស់ Maison Marou។
ជំពូក 08 —
ក្តារហ្គេម Monopoly ហាណូយ និងសៃហ្គន - Vietnam Themed Games
ត្រឡប់ទៅកាន់អតីតកាលនៃ «ប៉ារីសនៃបូព៌ា» (ហាណូយ) និង «គ្រាប់ពេជ្រនៃបូព៌ា» (ទីក្រុងហូជីមិញ) ជាមួយល្បែងក្ដារ Monopoly ស្ទីលបុរាណទាំងនេះ។ Hanoi និង Saigon Monopoly បង្ហាញពីទីក្រុងធំៗរបស់វៀតណាមកាលពីកំឡុងទសវត្សរ៍ឆ្នាំ ១៨៨០។ កាតអចលនទ្រព្យ កាតហិប និងកាតសំណាង ត្រូវបានរចនារូបភាពយ៉ាងប្រណិតស្របតាមរូបថតបុរាណ ហើយកូនចរគួរឱ្យស្រឡាញ់ស្លៀកពាក់អាវប្រពៃណីវៀតណាម (ao dai) និងពាក់មួកស្លឹក (non la)។
គន្លឹះ៖ នៅពេលស្វែងរកម៉ាកផលិតផលវៀតណាម សូមចូលមើលហាងនានាដូចជា Collective Memory, LIVIN Collective និង Cocobox ដែលលើកកម្ពស់ផលិតផល និងសិប្បករក្នុងស្រុក។
ជំពូក 09 —
កាបូប Clutch ព្រីនម៉ូដ - Eugenie Darge
នាំយកផ្នែកមួយនៃជីវិតតាមដងផ្លូវរបស់វៀតណាមជាមួយកាបូបយួរដៃក្រណាត់កានវ៉ាស់ទាន់សម័យទាំងនេះពី Eugenie Darge។ កាបូបព្រីនរូបភាពទាំងនេះបង្ហាញពីរូបភាពលក្ខណៈបុរាណនៅលើដងផ្លូវនៃប្រទេសវៀតណាម ដូចជាទ្រុងបក្សី ផ្ទាំងគំនូរលើជញ្ជាំង និងស្នាមប្រឡាក់ទឹក។ ម៉ាកនេះក៏បានបង្កើតស្រោមខ្នើយពណ៌ស្រស់ឆើតឆាយ ផ្ទាំងគំនូរមានក្រប និងកាបូបស្ពាយ Totes ដែលបំផុសគំនិតដោយជនជាតិភាគតិចនៃប្រទេសវៀតណាមផងដែរ។
ជំពូក 10 —
តែ និងកាហ្វេថ្នាក់ប្រណិត - Hatvala
ប្រទេសវៀតណាមមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយជាមួយនឹងតែ ហើយមានម៉ាកជាច្រើនរាប់មិនអស់សម្រាប់ជ្រើសរើស។ ទោះជាយ៉ាងណាក៏ដោយ មានម៉ាកតិចតួចណាស់ដែលស្វែងរកកាហ្វេដ៏ល្អឥតខ្ចោះ និងតែព្រៃ ដូចជា Hatvala ធ្វើនោះ។ ក្រុមហ៊ុននេះខិតខំប្រឹងប្រែងក្នុងការស្វែងរក និងណែនាំតែវៀតណាមដ៏ល្អឆ្នើមដែលបេះដោយដៃទៅកាន់ពិភពលោក។ ឈុតតែគំរូរបស់ Hatvala នឹងធ្វើឱ្យអ្នករីករាយជាមួយនឹងរសជាតិនៃប្រទេសវៀតណាម សូម្បីតែបន្ទាប់ពីអ្នកបានត្រឡប់ទៅផ្ទះវិញយូរហើយក៏ដោយ។
ជំពូក 11 —
កន្លែងត្រូវទិញទំនិញ
Collective Memory, ហាណូយ
Hanoia House, ហាណូយ
Tan My Design, ហាណូយ
Livin Collective, ញ៉ាត្រាង
Reaching Out, ហូយអាន
Gingko, វៀតណាម
L’usine, ទីក្រុងហូជីមិញ







